ខណៈដែលភាពតានតឹងយោធារវាងអ៊ីរ៉ង់ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងឆាបឆេះយ៉ាងខ្លាំងកាលពីខែមីនា ឆ្នាំ២០២៦នេះ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក បានប្រែទៅជាតំបន់ដ៏សែនគ្រោះថ្នាក់មួយ។ ច្បាប់អន្តរជាតិចែងថាគ្រប់ជាតិសាសន៍មានសិទ្ធិឆ្លងកាត់ ប៉ុន្តែក្នុងស្ថានភាពសង្គ្រាមជាក់ស្តែងនាពេលនេះ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ ក្រោមប្រព័ន្ធ «ជ្រើសរើសមិត្ត» របស់ទីក្រុងតេហេរ៉ង់។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters និង India TV បញ្ជីឈ្មោះប្រទេសដែលទទួលបានសំបុត្រពិសេសនេះ រួមមាន ចិន រុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ ចំណែកឯជប៉ុន ក៏ទើបតែទទួលបានការសន្យាផ្តល់សុវត្ថិភាពពីអ៊ីរ៉ង់ផងដែរ បន្ទាប់ពីមានការចរចាការទូតយ៉ាងតឹងរ៉ឹង ដើម្បីធានាការនាំចូលប្រេងដែលលើសពី ៩០% របស់ខ្លួនពីតំបន់មជ្ឈិមបូព៌ា។ នាពេលថ្មីៗ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសយ៉ាងច្បាស់ថា អ៊ីរ៉ង់បានបើកផ្លូវឲ្យតែ «ប្រទេសជាមិត្ត» ប៉ុណ្ណោះដើម្បីប្រើប្រាស់ច្រកសមុទ្រនេះ។ផ្ទុយទៅវិញ សម្រាប់បណ្តាប្រទេសដែលអ៊ីរ៉ង់ចាត់ទុកថាជា «សត្រូវ» ឬជាសម្ព័ន្ធមិត្តរបស់អាមេរិក និងអ៊ីស្រាអែល ច្រកសមុទ្រនេះត្រូវបានបិទជិតទាំងស្រុង។
ចាប់តាំងពីពាក់កណ្តាលខែមីនាមក មិនមាននាវាណាហ៊ានប្រើប្រាស់ផ្លូវទឹកធម្មតានោះទេ ដោយសារការភ័យខ្លាចការវាយប្រហារដោយដ្រូន មីស៊ីល និងគ្រាប់មីន។ នាវាដែលត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ ត្រូវតែអនុវត្តតាមប្រព័ន្ធថ្មីមួយដែលអ៊ីរ៉ង់បង្កើតឡើង គឺ «ច្រករបៀងក្រោមការគ្រប់គ្រង» ដែលតម្រូវឲ្យមានការចុះឈ្មោះជាមុន សុំលេខកូដអនុញ្ញាត និងពេលខ្លះត្រូវមានការអមដំណើរដោយនាវាចម្បាំងនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ទៀតផង៕

