មហាសេដ្ឋី Elon Musk ប្តឹងទារសំណង ១៣៤ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI និង Microsoft

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេបំផុតនៅលើពិភពលោក Elon Musk កំពុងដាក់ពាក្យបណ្តឹងទាមទារសំណងរហូតដល់ ១៣៤ពាន់លានដុល្លារ ពីក្រុមហ៊ុន OpenAI និង Microsoft ដោយអះអាងថាលោកហាក់ទទួលបានការកិបកេញផលចំណេញយ៉ាងច្រើន​ពីក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បាននិយាយនៅក្នុងឯកសារមួយដែលបានដាក់ទៅតុលាការសហព័ន្ធមុនពេលសវនាការប្រឆាំងទៅនឹងក្រុមហ៊ុនទាំងពីរថា OpenAI ទទួលបានចន្លោះពី ៦៥,៥ពាន់លានដុល្លារ ទៅ ១០៩,៤ពាន់លានដុល្លារពីការចូលរួមវិភាគទានរបស់មហាសេដ្ឋីកំពូលរូបនេះ នៅពេលដែលលោកបានសហបង្កើតក្រុមហ៊ុន AI ចាប់ផ្តើមថ្មីមួយនេះ នៅក្នុងឆ្នាំ ២០១៥ ខណៈពេលដែល Microsoft ទទួលបានចន្លោះពី ១៣,៣ពាន់លានដុល្លារ ទៅ ២៥,១ពាន់លានដុល្លារ។

យ៉ាងណាមិញ បើតាមលោក Steven Molo មេធាវីរបស់លោក Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”​ បើគ្មានលោក Musk ទេ នោះក៏មិនមាន OpenAI ដែរ។ លោក Musk បានផ្តល់មូលនិធិភាគច្រើន ផ្តល់កេរ្តិ៍ឈ្មោះរបស់លោក និងបង្រៀនពួកគេនូវអ្វីគ្រប់យ៉ាងដែលលោកដឹងអំពីការធ្វើមាត្រដ្ឋានអាជីវកម្មទៀតផង”។

ជម្រាបជូនថា ជុំវិញការដាក់ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Musk បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែពីដំបូង OpenAI បានព្រមព្រៀងថាបង្កើតឡើងក្នុងនាមជាអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាងាកទៅចាប់ដៃគូជាមួយ Microsoft ដើម្បីរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ៕​