កូរ៉េខាងត្បូង មានគោលបំណងដាក់ចេញថវិកាបន្ថែមជិត ១៧ពាន់លានដុល្លារ សម្រាប់សម័យសង្គ្រាម និងពង្រីកការកាត់បន្ថយពន្ធប្រេងឥន្ធនៈ ខណៈពេលដែលជម្លោះនៅអ៊ីរ៉ង់ជំរុញឲ្យតម្លៃថាមពលសកលកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៦ ខែមីនាថា មន្ត្រីមានគោលបំណងរៀបចំថវិកាបន្ថែមដែលមានតម្លៃ ២៥ទ្រីលានវ៉ុន (១៦,៦ពាន់លានដុល្លារ) នៅខែក្រោយ ដែលទទួលមូលនិធិបានមកពីចំណូលពន្ធលើស ដើម្បីឆ្លើយតបទៅនឹងជម្លោះមជ្ឈិមបូព៌ាដែលកំពុងអូសបន្លាយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថវិកា លោក Park Hong-keun ក៏បាននិយាយផងដែរថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម និងគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសង្គ្រាមដ៏អូសបន្លាយ។
លោក Park បាននិយាយថា ៖”ដំបូងយើងនឹងបន្ធូរបន្ថយបន្ទុកលើប្រជាពលរដ្ឋដែលបណ្តាលមកពីតម្លៃប្រេងខ្ពស់ និងគាំទ្រដល់ការអនុវត្តដោយរលូននៃប្រព័ន្ធកំណត់តម្លៃប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក និងកាត់បន្ថយថ្លៃប្រេងឥន្ធនៈ”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីពេលមុននេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលរៀបចំថវិកាបន្ថែមដែលមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព គាំទ្រដល់ឧស្សាហកម្មដែលរងផលប៉ះពាល់ និងពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕

