លោក Pham Nhat Vuong នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សវៀតណាម VinFast និងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងខិតខំផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីដែលអាចបើកបរបានចម្ងាយឆ្ងាយ ជាជាងវិលទៅផលិតរថយន្តប្រើសាំងវិញ។ នេះនើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Vuong បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ថា ៖” VinFast នឹងមិនផលិតរថយន្តប្រើសាំងទៀតទេ ប៉ុន្តែម៉ូដែលថ្មីនឹងមានលក្ខណៈពិសេសដើម្បីជួយអតិថិជនដែលភ្លេចសាកថ្មរថយន្តអគ្គិសនីរបស់ពួកគេ”។
VinFast ត្រូវបានបង្កើតឡើងដោយលោក Vuong ក្នុងឆ្នាំ២០១៧ ហើយដំបូងឡើយបានផលិតតែរថយន្តប្រើសាំង និងម៉ូតូប៉ុណ្ណោះ។ ប៉ុន្តែបួនឆ្នាំក្រោយមក ក្រុមហ៊ុននេះ បានបញ្ឈប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង ដោយជំនួសមកវិញទៅជារថយន្តអគ្គិសនីទាំងស្រុង។
ជម្រាបជូនថា នៅឆ្នាំ២០២៥ ក្រុមហ៊ុន VinFast បានបង្ហាញពីប្រាក់ចំណូលបំបែកកំណត់ត្រាចំនួន ៩០,៤៣ពាន់ពាន់លានដុង (៣,៤ពាន់លានដុល្លារអាមេរិក) ពោលគឺបានកើនឡើង ១៣៩% ពីឆ្នាំ២០២៤ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ។ VinFast នាំមុខគេក្នុងទីផ្សាររថយន្តវៀតណាម ជាមួយនឹងចំណែករហូតដល់ទៅ ៣៦%៕

