ក្រុមហ៊ុន KAMPOT CEMENT CO., LTD. និងក្រុមហ៊ុន CHIP MONG INSEE CEMENT CORPORATION បានដំណើរការវិនិយោគផលិតស៊ីម៉ង់ចំនួនពីរនៅក្នុងភូមិសាស្ត្រខេត្តកំពត ដែលអាចបង្កើតការងារបានរាប់ពាន់កន្លែង។

នេះបើយោងតាម លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមទាំងអាជ្ញាធរខេត្តកំពត ចុះបំពេញបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគផលិតស៊ីម៉ង់ចំនួនពីរ កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
លោក ជា វុទ្ធី បានឱ្យដឹងថា បេសកកម្មនេះ មានគោលបំណងស្វែងយល់ពីការអនុវត្តគម្រោង និងបញ្ហាប្រឈមនានា ដែលជាផ្នែកមួយ នៃការផ្តល់សេវាថែទាំវិនិយោគ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ។

លោកបន្តថា តាមរយៈការចុះត្រួតពិនិត្យនេះ គណៈប្រតិភូបានសង្កេតឃើញថាក្រុមហ៊ុនទាំងពីរបាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយបានផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលតាមរយៈការបណ្តុះបណ្តាលទាំងនេះបានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក រួមទាំងបុគ្គលិកជំនាញជាន់ខ្ពស់ផង ស្ទើរ១០០%។
លោកបានបញ្ជាក់ទៀតថា គម្រោងវិនិយោគផលិតស៊ីម៉ង់ទាំងពីរនេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវការផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុកសម្រាប់បម្រើដល់វិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមគោរពជម្រាបថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ចំនួន៦ ដែលអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ក្នុងស្រុកដែលមានប្រមាណ ១០លានតោនក្នុងមួយឆ្នាំ បានគ្រប់គ្រាន់ទាំងស្រុង៕ អត្ថបទ៖ហ្សាលីន



