ចិនគ្រោងសាងសង់ «កោះស្រាវជ្រាវបណ្តែតទឹក» ក្នុងមហាសមុទ្រដំបូងគេលើលោក

អន្តរជាតិ

(ចិន)៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិដ៏ធំសម្បើមរបស់ចិន គឺវេទិកាស្រាវជ្រាវសមុទ្រជ្រៅដែលអាចស្នាក់នៅបានគ្រប់អាកាសធាតុ ឬហៅថា «កោះបណ្តែតទឹកក្នុងសមុទ្រជ្រៅ» (Deep-Sea Floating Island) ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយនៅទីក្រុងសៀងហៃ។ គម្រោងមហិមានេះ ស្ថិតក្រោមការទទួលខុសត្រូវរបស់សាកលវិទ្យាល័យ Shanghai Jiao Tong (SJTU) ក្នុងគោលបំណងបង្កើតវេទិកាស្រាវជ្រាវមហាសមុទ្រខ្នាតយក្សដំបូងគេក្នុងពិភពលោក ដើម្បីបម្រើឱ្យការសិក្សាស្រាវជ្រាវលើឧបករណ៍បច្ចេកវិទ្យាសមុទ្រ ការទាញយកធនធានធម្មជាតិ និងវិទ្យាសាស្ត្រសមុទ្រជ្រៅ ដែលមានកម្រិតជម្រៅរហូតដល់ ១០,០០០ ម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី២៩ ខែមីនានេះ  បានឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវនេះមានសមាសភាគសំខាន់ៗចំនួន ៣ រួមមាន ជាវេទិកាបង្គោល (Main platform)មន្ទីរពិសោធន៍លើនាវា និងប្រព័ន្ធគាំទ្រនៅលើគោក។ ចំណុចពិសេសនៃគម្រោងនេះ គឺការរចនាបែប «ពាក់កណ្តាលលិចទឹក» (Semi-submersible twin-hull) ដែលវាមានសមត្ថភាពធ្វើដំណើរបានលឿនដូចនាវាស្រាវជ្រាវទូទៅផង និងអាចបោះទីតាំងស្នាក់នៅកណ្តាលសមុទ្របានយូរអង្វែងផង ទោះស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ ឬមានព្យុះខ្លាំងក៏ដោយ។

បច្ចេកវិទ្យា «ពាក់កណ្តាលលិចទឹក» (Semi-submersible twin-hull) គឺជាការរចនានាវាដែលមានជើងពីរយ៉ាងរឹងមាំនៅសងខាង ដែលអាចបញ្ចូលទឹកឱ្យលិចចុះក្រោមផ្ទៃទឹកមួយផ្នែកធំដើម្បីរក្សាលំនឹងឱ្យឈរនឹងថ្កល់ដូចជា «កោះ» ទោះបីជាស្ថិតក្នុងស្ថានភាពព្យុះបោកបក់ខ្លាំងក៏ដោយ ហើយវាក៏អាចបង្ហូរទឹកចេញវិញដើម្បីអណ្តែតខ្ពស់ឱ្យមានសមត្ថភាពបើកបរបានលឿនដូចជា «នាវា» ទូទៅផងដែរ។

កោះបណ្តែតទឹកនេះនឹងក្លាយជាទីលានពិសោធន៍ដ៏សំខាន់សម្រាប់ការទាញយកធនធានរ៉ែក្នុងសមុទ្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន ក៏ដូចជាការសិក្សាពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ី និងដើមកំណើតនៃជីវិតក្នុងមហាសមុទ្រ។ លើសពីនេះ វាក៏នឹងជួយបង្កើនសមត្ថភាពនៃការទស្សន៍ទាយគ្រោះមហន្តរាយធម្មជាតិដូចជាព្យុះទីហ្វុង ឱ្យកាន់តែមានភាពសុក្រឹត ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។

តាមការគ្រោងទុក គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រដ៏អស្ចារ្យនេះ នឹងត្រូវបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៣០ ខាងមុខ៕