កំពូលមហាសេដ្ឋីរបស់ពិភពលោក Elon Musk និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX ថ្មីៗនេះ បាននិយាយថា ការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត អាចនឹងធ្វើឲ្យលុយលែងសូវសំខាន់នាពេលអនាគត ដោយសារតែពិភពលោក នឹងមានទំនិញ និងសេវាកម្មច្រើនលើសលប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

លោក Musk នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយសហគ្រិន លោក Peter Diamandis ប្រធានប្រតិបត្តិនៃមូលនិធិ XPrize បាននិយាយថា មនុស្សយន្តដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) អាចផលិតទំនិញ និងសេវាកម្មគ្រប់គ្រាន់ ពោលគឺមនុស្សនឹងលែងមានភាពខ្វះខាត ហើយលុយនឹងលែងសំខាន់។
លោក Musk ក៏បាននិយាយនៅក្នុងវីដេអូមួយដែលចែករំលែកដោយ Diamandis នៅលើ X កាលពីសប្តាហ៍មុនថា ៖”បញ្ញាសិប្បនិម្មិត និងមនុស្សយន្ត នឹងបង្កើតរបស់របរជាច្រើន និងផ្តល់សេវាកម្មជាច្រើន ដែលនឹងអស់របស់របរដែលធ្វើឲ្យមនុស្សនឹងយកលុយទៅចំណាយលើទៀត”។
នាយកប្រតិបត្តិ SpaceX រូបនេះបានអះអាងទៀតថា ប្រព័ន្ធបែបនេះអាចបង្កើតទំនិញ និងសេវាកម្មច្រើនជាងការផ្គត់ផ្គង់ ហើយវានឹងលែងមានអតិផរណា។ នៅពេលដែលកម្លាំងពលកម្មស្វ័យប្រវត្តិកាន់តែមានតម្លៃថោក និងមានផលិតភាព តួនាទីរបស់រូបិយប័ណ្ណប្រពៃណីអាចថយចុះ។
គួរជម្រាបជូនផងដែរថា ខណៈពេលដែលលោក Musk ស្រមៃមើលអនាគតមួយដែលលុយនឹងលែងសំខាន់ ប៉ុន្តែទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក នៅតែបន្តកើនឡើងយ៉ាងខ្លាំង។ ការចេញលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ SpaceX កាលពីសប្តាហ៍មុន បានពង្រឹងឋានៈរបស់លោក Musk ជាអ្នកមានបំផុតរបស់ពិភពលោក ដោយមានទ្រព្យសម្បត្តិសុទ្ធប្រហែល ១,៣ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទ។ នេះបើយោងតាមទស្សនាវដ្តី Forbes៕

