ប៉ាគីស្ថាន ថាខ្លួនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចចរចាប្រកបដោយអត្ថន័យ» ដើម្បីបញ្ចប់ជម្លោះអាម៉េរិក និងអ៊ីរ៉ង់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីជាមុននេះបន្តិច ទីក្រុងតេអេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំផែនការវាយប្រហារតាមផ្លូវគោកក៏ដោយ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានឱ្យដឹងនៅថ្ងៃទី២៩ ខែមីនានេះថា ពួកគេបានពិភាក្សាលើមធ្យោបាយដែលអាចទៅរួច ដើម្បីបញ្ចប់សង្គ្រាមក្នុងតំបន់ឱ្យបានឆាប់រហ័ស និងជាអចិន្ត្រៃយ៍ ក៏ដូចជាលទ្ធភាពនៃកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad)ដែរ។
លោកបន្តថា ប៉ាគីស្ថាននឹងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលកិច្ចចរចាប្រកបដោយអត្ថន័យរវាងភាគីទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅរកដំណោះស្រាយនៃជម្លោះដែលកំពុងបន្តនេះ។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថា តើសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ យល់ព្រមចូលរួមដែរឬទេ។
ទន្ទឹមគ្នានេះ អតីតប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានចោទប្រកាន់អាម៉េរិកថា បានបញ្ជូនសារអំពីលទ្ធភាពនៃកិច្ចចរចាសន្តិភាព ប៉ុន្តែបែរជាកំពុងរៀបចំផែនការបញ្ជូនកងទ័ពជើងគោកវាយប្រហារអ៊ីរ៉ង់ទៅវិញ។ លោកបានគូសបញ្ជាក់ច្បាស់ៗថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប ប្រសិនបើមានការដាក់ពង្រាយទាហានអាម៉េរិកមែននោះ៕


