ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសចិន BYD មានទំនុកចិត្តខ្ពស់ក្នុងការសម្រេចបានគោលដៅលក់នៅក្រៅប្រទេស ឆ្នាំ២០២៦នេះ ដល់ចំនួន ១,៥ លានគ្រឿង ឬអាចខ្ពស់ជាងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន BYD បាននិយាយទៀតថា ទីផ្សារក្រៅប្រទេសអាចមានចំនួនប្រហែលពាក់កណ្តាលនៃអាជីវកម្មរបស់ខ្លួន ។ ដោយកាលពីឆ្នាំមុន ការលក់ក្រៅប្រទេសបានកើនឡើងទ្វេដងដល់ ២២,៧% នៃការលក់សរុប និងបានកើនឡើងដល់ ៥០% នៅក្នុងខែមករា ដល់កុម្ភៈ។
គួរឲ្យដឹងថា ការពង្រីកទីផ្សារនៅក្រៅប្រទេសរបស់ BYD អាចកើតឡើងតាមរយៈការធ្វើមូលដ្ឋានីយកម្ម ហើយរោងចក្ររបស់ខ្លួននៅអឺរ៉ុប និងឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំ នៅអំឡុងខែមីនា ឬមេសា ឆ្នាំនេះ។
ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន BYD បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញធំជាងការរំពឹងទុកសម្រាប់ឆ្នាំ២០២៥ ដោយសារតែសង្គ្រាមតម្លៃនៅក្នុងស្រុកបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ខ្លួន ដោយឈានចូលដល់ឆ្នាំដ៏លំបាកមួយទៀត ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងតម្រូវការក្នុងស្រុកកាន់តែទន់ខ្សោយ៕

