ភាគហ៊ុនរបស់ក្រុមហ៊ុន Gpixel Changchun Microelectronics បានកើនឡើង ១៤៤% បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងថ្មីៗនេះនៅទីផ្សារហ៊ុនរបស់ទីក្រុងហុងកុង ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន លោក Wang Xinyang កើនឡើងដល់ប្រហែល ១,៣ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Wang គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន ដែលមានចំណែកដល់ទៅ ២៣%។ ក្នុងនោះដែលភរិយារបស់លោក គឺលោកស្រី Zhang Yanxia ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Gpixel ក៏មានចំណែកភាគហ៊ុនចំនួន ១,៦% ផងដែរ។
គួរឲ្យដឹងថា Gpixel បានរៃអង្គាសទឹកប្រាក់បានចំនួន ២,៦ពាន់លានុដល្លារហុងកុង នៅក្នុងការចុះបញ្ជីដំបូងរបស់ខ្លួននៅទីផ្សារហ៊ុនហុងកុង កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដោយបានទាក់ទាញវិនិយោគិនសំខាន់ៗ រួមមាន Hillhouse Investment, Boyu Capital, Source Code Capital និង Value Partners។
ជម្រាបជូនថា ក្រុមហ៊ុន Gpixel ផលិតឧបករណ៍ចាប់សញ្ញារូបភាព CMOS បន្ទះឈីប Semiconductor ដែលបំប្លែងពន្លឺទៅជាសញ្ញាអគ្គិសនីដើម្បីបង្កើតជារូបភាព។ សមាសធាតុទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍ចាប់ពីស្មាតហ្វូន កាមេរ៉ា រហូតដល់ប្រព័ន្ធកាំរស្មីអ៊ិច និងមនុស្សយន្តឧស្សាហកម្ម៕

