ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាធ្វើពិធីផ្សព្វផ្សាយក្រោមប្រធានបទ « ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជានិងប្រែប្រួលឆាប់រហ័ស»

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានសហការរួមគ្នាធ្វើពិធីផ្សព្វផ្សាយក្រោមប្រធានបទ « ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជានិងប្រែប្រួលឆាប់រហ័ស» កាលពីថ្ងៃទី៣១ មីនា ក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០, ស្ថានភាពទេសចរណ៍កម្ពុជា ស្ថិតក្នុងកាលៈទេសៈប្រឈមខ្ពស់ និងយុទ្ធសាស្ត្រគន្លឹះក្រសួងទេសចរណ៍ ឆ្នាំ២០២៦ ព្រមទាំងយុទ្ធនាការសំខាន់ៗក្នុងឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងសតវត្សរ៍ទី២១ សង្គ្រាមមិនតែងតែប្រើអាវុធទេ ប៉ុន្តែពេលខ្លះប្រើ «ព័ត៌មាន ជាឧបករណ៍ ហើយការប្រកួតប្រជែងរវាងប្រទេសមិនមែនកើតឡើងតែតាមវិស័យសេដ្ឋកិច្ច ឬយោធាទេ ប៉ុន្តែក៏កើតឡើងក្នុងលំហព័ត៌មានផងដែរ។ ប្រទេសដែលអាចការពារការពិតរបស់ខ្លួនបាន គឺជាប្រទេសដែលអាចការពារកិត្តិយស និងផលប្រយោជន៍របស់ខ្លួនបាន។ លោកបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ មិនមែនគ្រាន់តែជាព័ត៌មានមិនត្រឹមត្រូវទេ ប៉ុន្តែជាបញ្ហាប្រឈមផ្នែកសន្តិសុខ ព័ត៌មាន ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសង្គម ប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់រូបភាពជាតិ។ 

ក្នុងឱកាសនោះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានគូសរំលេចឡើងនូវយុទ្ធនាការសំខាន់ៗមួយចំនួនទៀត សម្រាប់ឆ្នាំ ២០២៦ ដែលក្រសួងទេសចរណ៍ បានដាក់ចេញរួមមាន៖ ១). យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា, ២). គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង), ៣). យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និងទី៤). ការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសារព័ត៌មានកម្ពុជា ក៏ដូចជាសារព័ត៌មានបរទេសនឹងពិតជាចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង (Cambodia is a safe, warm, clean and green destination) ព្រមទាំងសំដៅបង្កើនទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងពិសេសពីភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕