កម្ពុជា-ជប៉ុន បានប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន «ការបំបែកវដ្តនៃកង្វះអាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការបញ្ចូលមីក្រូសារជាតិក្នុងអាហារសម្រាប់កម្មករ និងកម្មការិនី ក្នុងវិស័យរោងចក្រកាត់ដេរ» ។

ពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តជាផ្លូវការ គម្រោងខាងលើ បានធ្វើឡើងកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គោលបំណងនៃការអនុវត្តគម្រោង គឺដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹម របស់កម្មកររោងចក្រ ជាពិសេសកម្មករ កម្មការិនីរោងចក្រកាត់ដេរ ភាគច្រើនជាស្ត្រី តាមរយៈការលើកកម្ពស់ការប្រើប្រាស់អង្ករ ដែលមានបញ្ចូលនូវមីក្រូសារជាតិ នៅតាមអាហារដ្ឋាន និងកន្លែងលក់ដូរ។

គម្រោងនឹងផ្ដល់អត្ថប្រយោជន៍ ដល់កម្មករ កម្មការិនីរោងចក្រ សរុបប្រមាណ ៨០០,០០០នាក់ ក្នុងនោះជាស្ត្រីចំនួន ៦៤០,០០០នាក់។ តាមការប៉ាន់ប្រមាណ រាល់ការវិនិយោគ ១ដុល្លា ទៅលើការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នឹងទទួលបានអត្ថប្រយោជន៍ត្រលប់មកវិញ ២៧ដុល្លា តាមរយៈការលើកកម្ពស់សុខភាពល្អឱ្យកាន់តែប្រសើរ បង្កើនផលិតភាពការងារ និងមានស្ថេរភាពសេដ្ឋកិច្ច។
សូមជម្រាបផងដែរថា អង្ករដែលមានបញ្ចូលនូវមីក្រូសារជាតិ (Fortifies Rice) គឺជាការលាយបញ្ចូលគ្នានូវ ៩៩% នៃគ្រាប់អង្ករធម្មតា និង ១% នៃគ្រាប់អង្ករដែលមានបន្ថែមសារធាតុចិញ្ចឹមពិសេស ដូចជាវីតាមីន និងសារធាតុរ៉ែខនិក។ ក្នុងន័យនេះ រាល់អង្ករធម្មតា ១០០គ្រាប់ មានអង្ករខនិក ១គ្រាប់ ហើយសារធាតុចិញ្ចឹមបន្ថែមទាំងនេះ ជួយពង្រឹង និងទ្រទ្រង់ការលូតលាស់ ព្រមទាំង ការអភិវឌ្ឍន៍បញ្ញាស្មារតីផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាល៕ អត្ថបទ៖ហ្សាលីន



