នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទាំង៤ “វិស័យគយ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារបច្ចេកទេសនៃវិស័យគយ រួមមាន៖ ឧកញ៉ា ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន, ឧកញ៉ា តាន់ មុនីវណ្ណ សហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន, ឧកញ៉ា គួច ផេង សហប្រធានក្រុមការងារបច្ចេទសទី៣ និងតំណាងក្រុមការងារបច្ចេកទេសទី៤ តំណាងផ្នែកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច, ឧកញ៉ា នួន ពេជ្រសុផល, ឧកញ៉ា ហាក់ លាងហ៊ ព្រមទាំងអនុសហប្រធានក្រុមការងារតំណាបច្ចេកទេសទាំង៤ តំណាងផ្នែកឯកជន, តំណាងគ្រឹះស្ថានសមាគម ក្រុមហ៊ុនឯកជន និងអ្នកកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារបច្ចេកទេសផ្នែកឯកជនជាច្រើនទៀត។
បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យគយ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាក្នុងការចំណាយលើ Customs Clearances, ២. ការធ្វើប្រតិភូកម្មអំណាចទៅមន្ត្រីគយថ្នាក់ក្រោម, ៣. ការប្រកាសយថាប្រភេទផលិតផលនាំចូល, ៤. ការនាំចូលផលិតផលស្វាយចន្ធីដែលមិនមានគុណភាពប្រកួតប្រជែងជាមួយនឹងផលិតផលក្នុងស្រុក , ៥. នីតិវិធីគយក្នុងការនាំចេញផលិតផលកសិកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។









