អគារឃ្លាំងរបស់ឧកញ៉ា​ វង្ស​ ដួង រងការខូចខាតស្ទើរទាំងស្រុង ដោយសារយន្តហោះ F-16 ថៃ ទម្លាក់គ្រាប់នៅ​ក្រុងប៉ោយប៉ែត

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៥​ យន្តហោះ F-16 របស់យោធាថៃ បានទម្លាក់គ្រាប់ចំនួន៣គ្រាប់​ ចូលតំបន់​ទីប្រជុំជនស៊ីវិលរបស់កម្ពុជា ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័​យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះ F-16 របស់ថៃ នៅក្រុងប៉ោយប៉ែត ខាងលើនេះ បណ្តាលឱ្យខូចខាតអគារ១ខ្នង​ ដំបូលឃ្លាំងឧកញ៉ា​ វង្ស​ ដួង​ ផ្នែកខាងត្បូង និងសម្ភារៈមួយចំនួនទៀត ព្រមទាំងមានអ្នករងរបួសស្រាល២នាក់។

ក្រសួងការពារជាតិ បានប្រកាសឱ្យដឹងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកង​កម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគ ទី៥ គឺនៅម៉ោង ១១:០៦នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់​បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងបញ្ជាក់ថា ភាគីថៃនៅតែបន្តរំលោភបំពាន​លើ​បទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិង​ភាគីថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សូមជម្រាបថា ឧកញ៉ា​ វង្ស​ ដួង ជាអ្នកជំនួញដ៏មានសប្បុរសធម៌មួយរូបនៅខេត្តបន្ទាយមានជ័យ។ កាលឆ្នាំ២០២២ លោកឧកញ៉ា និងភរិយា បានជួយឧបត្ថម្ភគ្រែដេកចំនួន១០០គ្រែ ជូនវរសេនាតូចថ្មើរជើង៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ ឈរជើងក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែន​កម្ពុជា-ថៃ ដែលជាកាយវិការប្រកបដោយគុណតម្លៃយ៉ាងវិសេសវិសាលផងដែរ។