នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោកអ្នកឧកញ៉ា អ្នកឧកញ៉ាៗ ប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា នៅវិមានសន្តិភាព។

ក្នុងជំនួបខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ ក៏មានវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា វិញ ហ៊ួរ អ្នកឧកញ៉ា លាង ពៅ ឧកញ៉ា សុខ ពិសិដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត។
សូមជម្រាបថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) គឺជាស្ថាប័នមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្មស៊ីម៉ងត៍នៅកម្ពុជា។ សមាគមនេះតែងតែរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីពិភាក្សាអំពីស្ថានភាពផលិតកម្ម ការពង្រីកទីផ្សារ និងការស្វាគមន៍សមាជិកថ្មី។ សមាគមនេះមានសមាជិកជាក្រុមហ៊ុនផលិតស៊ីម៉ងត៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ដូចជា ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត និងក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន។












