លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាពCMAC។

នេះបើយោងតាមជំនួបពិភាក្សារវាងលោកឯកអគ្គរដ្ឋទូតចិន ជាមួយ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីនឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបនេះ លោក ហេង រតនា បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអង្គភាពCMACសម្រេចបាន ជាពិសេសលេីកិច្ចប្រតិបត្តិការក្រោម”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលរដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននិងសំណល់យុទ្ឌភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។លោក ក៏បានជម្រាបបន្ថែមក្នុងការប្រើប្រាស់សម្ភារបច្ចេកទេសរបស់ចិនក្នុងការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកំចាត់មីន ក្នុងធានាសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាពCMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិននឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋនិងការអភិឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាពCMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់ ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួនជាង៥.៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុបចំនួន៤លាន៦សែននាក់ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួនជាង៣៧៨.០០០គ្រួសារ ស្មើនឹងចំនួនជាង១.៤៥៤.០០០នាក់៕ អត្ថបទ៖ហ្សាលីន

