សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើលិខិតសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានាដែលរួមមាន ឯកឧត្តមស៊ី ជីងពីង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកជំទាវ អាណាលេណា បេណាបក ប្រធានំមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់តំបន់យើងទាំងមូលផងដែរ។
តាមរយៈសារលិខិតទាំងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាពនៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC)កាលពីពេលថ្មីៗនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងទាំងអស់៕




