២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល២ខែ នៃដើមឆ្នាំ២០២៦ កន្លងមកននេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០០,០០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងារ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោកFaiyaz Murshid Kazi តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋបង់ក្លាដែសប្រចាំកម្ពុជា កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងសកម្មលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ការសំរួលការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញឱ្យបានប្រសើរបន្ថែមទៀត ការរៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច និងFAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍ Roadshow និងការបង្កើតកញ្ចប់ទស្សនកិច្ចរួម ការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ និងការជំរុញខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រា ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិរបស់ប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានលើកឡើងពីការបេ្តជ្ញាចិត្តជំរុញឱ្យមានការហោះហើរត្រង់ ជាពិសេសទៅកាន់តំបន់សក្តានុពលទេសចរណ៍ ដែលជាកត្តាសំខាន់ក្នុងការកើនឡើងនៃលំហូរទេសចរ។

តាមរយៈជំនួបខាងលើ ក៏បានបញ្ជាក់បន្ថែមទៀតថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ។ទន្ទឹមនឺងនេះ ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០០,០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបង់ក្លាដែសមានចំនួនជាង ៣.០០០នាក់ កើនឡើងប្រមាណជាង ៦០% ប្រៀបធៀបនឹងរយៈពេលនៃឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន