សម្តេចតេជោ ហ៊ុន សែន៖ សូមកុំមើលវិស័យកសិកម្ម ត្រឹមតែជាការដកស្ទូង ស្រូចស្រូវ ឬដាំពោត

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូង ស្រូចស្រូវ ដាំពោត ដាំថ្នាំប៉ុណ្ណោះទេ ពោលគឺវិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើករបស់សម្តេចដូច្នេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូង ស្រូចស្រូវ ដាំពោត និងដាំថ្នាំជក់អីប៉ុណ្ណោះទេ ។សម្តេចថា វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។ 

ទន្ទឹមគ្នានេះ សម្តេច បានលើកឡើងថា៖« តាំងពីមុនមកលើវិស័យកសិកម្មនេះ គឺការផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ ពោលវិស័យកសិកម្មនៅតែជាវិស័យស្នូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ»។

ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺជាការចូលរួមសហការពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនមែនពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែមួយនោះទេ។ ទន្ទឹមគ្នានេះ សម្តេច ជំរុញឱ្យស្ថានប័នពាក់ព័ន្ធត្រូវខិតខំដោះស្រាយប្រព័ន្ធទឹក ទីផ្សារកសិកម្ម ការកែឆ្នៃផលិតផលកសិកម្ម ការជ្រើសរើសពូជថ្មី និងការផ្តល់បច្ចេកទេសថ្មីៗដល់ប្រជាកសិករឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនការដាំដុះផលដំណាំកសិកម្មនៅកម្ពុជា។

ដោយសម្តេចតេជោ បានបញ្ជាក់ជាថ្មីទៀតថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះពីផ្ទៃដី១ហិកតាអាចចិញ្ចឹមមនុស្សបាន ១០ ឈានទៅអាចដី ១ហិកតាអាចចិញ្ចឹមមនុស្សបាន២០នាក់ ឬអាចលើសពីនេះ៕

អត្ថបទ៖ ពិសី