អ៊ីរ៉ង់ បញ្ជាក់ថាបានវាយប្រហារលើមជ្ឈមណ្ឌផ្ទុកទិន្នន័យរបស់ Amazon និង Oracle ដើម្បីជាការសងសឹក

អន្តរជាតិ

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon និង Oracle នៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីជាការសងសឹកចំពោះការធ្វើឃាតជាបន្តបន្ទាប់លើមេដឹកនាំអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២ ខែមេសា ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ទៀតថា បញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានឆ្មក់ចូលទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកពីរ នៅក្នុងតំបន់ឈូងសមុទ្រ ដោយទីមួយគឺមជ្ឈមណ្ឌលផ្ទូកទិន្នន័យ Cloud របស់ Amazon នៅប្រទេសបារ៉ែន និងមួយទៀតគឺទីតាំងរបស់ Oracle នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)។

IRGC បានអះអាងទៀតថា មជ្ឈមណ្ឌលទិន្នន័យរបស់ Amazon នៅប្រទេសបារ៉ែន ត្រូវបានបំផ្លាញទាំងស្រុង ហើយថែមទាំងបានព្រមានថា ខ្លួននឹងពង្រីកការវាយប្រហារបន្ថែមទៀត ប្រសិនបើការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់មិនបញ្ឈប់ទេនោះ។

គួរឲ្យដឹងផងដែរថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បានព្រមានរួចហើយថា ពួកគេនឹងកំណត់គោលដៅវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ប្រសិនបើការវាយប្រហារនៅតែបន្តពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តនោះ។

ទន្ទឹមនឹងនេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃបញ្ជាការកណ្តាល Khatam al-Anbiya នៃយោធាអ៊ីរ៉ង់ បានបន្ថែមថា ការវាយប្រហារនេះ ក៏បានកំណត់គោលដៅលើរោងចក្រដែកថែបអាមេរិកនៅ Abu Dhabi រោងចក្រអាលុយមីញ៉ូមនៅបារ៉ែន និងរោងចក្រផលិតអាវុធដែលជាកម្មសិទ្ធិក្រុមហ៊ុន Rafael របស់អ៊ីស្រាអែលផងដែរ៕​