លោក Zhao Jianhui ស្ថាបនិក និងជាប្រធានក្រុមហ៊ុនបន្ទះឈីបថាមពល Epiworld International បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរបស់លោក បានកើនឡើងដល់ ៣៥% នៅក្នុងការជួញដូរដំបូង នៅក្នុងទីផ្សារហ៊ុនហុងកុង។

យោងតាមទស្សាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ការចុះបញ្ជីរបស់ Epiworld នៅក្នុងទីផ្សារហ៊ុនហុងកុងមានតម្លៃប្រមាណ ៥,៦ពាន់លានដុល្លារ។ តាមរយៈការកាន់កាប់ភាគហ៊ុន ២៧% របស់លោក Zhao នៅក្នុងក្រុមហ៊ុននេះ បានធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ប្រមាណ ១,៥ពាន់លានដុល្លារ។
គួរឲ្យដឹងថា លោក Zhao គឺជាអ្នកស្រាវជ្រាវជើងចាស់ម្នាក់ នៅក្នុងបច្ចេកវិទ្យាស៊ីលីកុនកាប៊ិដ (SiC) ដែលជាសម្ភារៈដ៏សំខាន់ប្រើប្រាស់នៅក្នុងឧបករណ៍អេឡិចត្រូនិកថាមពលដែលមានប្រសិទ្ធភាពខ្ពស់។
ជម្រាបជូនថា ក្រុមហ៊ុន Epiworld ដែលមានមូលដ្ឋាននៅទីក្រុង Xiamen ប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីផលិតបន្ទះសៀគ្វី epitaxial សម្រាប់បន្ទះឈីប SiC ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងយានយន្តអគ្គិសនី ហើយកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ដោយសារតែសមត្ថភាពរបស់វាក្នុងការដោះស្រាយបន្ទុកថាមពលខ្ពស់ប្រកបដោយប្រសិទ្ធភាព៕

