យោងតាមទិន្នន័យដឹកជញ្ជូនតាមសមុទ្រមួយបានបង្ហាញឲ្យដឹងថា កប៉ាល់ដឹកទំនិញមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបារាំង បានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កប៉ាល់ Kribi ដែលមានទង់ជាតិម៉ាល់តា និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនបារាំង CMA CGM បានឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដើម្បីចាកចេញពីតំបន់ឈូងសមុទ្រ កាលពីរសៀលថ្ងៃទី២ ខែមេសា។ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែច្រកសមុទ្រដ៏សំខាន់នេះ ត្រូវបានរារាំងស្ទើរតែទាំងស្រុងដោយអ៊ីរ៉ង់ គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង។
គួរឲ្យដឹងថា នេះហាក់ជាលើកដំបូងហើយដែលកប៉ាល់មួយគ្រឿងមកពីក្រុមហ៊ុនដឹកជញ្ជូននៅអឺរ៉ុប បានឆ្លងកាត់ច្រកសមុទ្រ Hormuz គិតចាប់តាំងពីថ្ងៃទី១ ខែមីនា នៅពេលដែលអ៊ីរ៉ង់បានចាប់ផ្តើមការវាយប្រហារទៅលើកប៉ាល់ណាមួយដែលឆ្លងកាត់តាមច្រកសមុទ្រនេះ ដើម្បីសងសឹកទៅលើសហរដ្ឋអាមេរិក-អ៊ីស្រាអែលមក។
យ៉ាងណាមិញ ទិន្នន័យដឹកជញ្ជូនតាមសមុទ្របង្ហាញទៀតថា កប៉ាល់នេះបានធ្វើដំណើរឆ្លងកាត់ផ្លូវថ្មីមួយនៅក្នុងដែនទឹកអ៊ីរ៉ង់។ ផ្លូវនេះត្រូវបានអនុម័តដោយអ៊ីរ៉ង់ ហើយត្រូវបានគេដាក់រហស្សនាមថា “ស្ថានីយគិតថ្លៃរបស់ទីក្រុងតេអេរ៉ង់”។
ជម្រាបជូនថា យ៉ាងហោចណាស់មានកប៉ាល់ពីរគ្រឿងបានបង់ប្រាក់ដើម្បីប្រើប្រាស់ច្រករបៀងជុំវិញកោះ Larak ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនវិភាគ Lloyd’s List៕

