ប្រទេសថៃ ត្រូវបានគេព្យាករថានឹងចាប់ផ្តើមទទួលរងការវាយប្រហារពីព្យុះត្រូពិចកំណាច Kajiki ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហានេះ ដោយនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង រួមទាំងខ្យល់បក់បោកខ្លាំង នៅទូទាំងប្រទេស ជាពិសេសតាមតំបន់ឆ្នេរសមុទ្រ ស្របពេលទីក្រុងបាងកក និងតំបន់ជុំវិញ ក៏ត្រូវបានគេរំពឹងថានឹងជួបអាកាសធាតុដ៏អាក្រក់នេះ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Pattayamail។

យ៉ាងណាមិញអាជ្ញាធរថៃ បានចេញសេចក្តីណែនាំទៅកាន់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរងផលប៉ះពាល់ ឲ្យត្រៀមលក្ខណៈ សម្រាប់គ្រោះទឹកជំនន់ និងខ្យល់ព្យុះដែលអាចកើតមាន ជាពិសេសនៅតំបន់ងាយរងគ្រោះខ្លាំង ដូចជានៅជិតតំបន់ភ្នំ និងតាមដងទន្លេ ឬអូរជាដើម។ ភ្លៀងធ្លាក់យូរ ក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដោយសារការជន់លិច ទាំងក្នុងទីក្រុង និងទីជនបទ ផងដែរ។
ជម្រាបជូនថា យោងតាមនាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាស ពីឥទ្ធិពលរបស់ព្យុះកំណាច Kajiki នេះ ដែលកំពុងបោកបក់ទៅកាន់ភាគពាយ័ព្យ ក្នុងល្បឿនប្រហែល ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនឹងបន្តវាយប្រហារតាមខេត្តនានារបស់ប្រទេសថៃ៕

