លោក ត្រាំ បង្ហើបថា អាមេរិក នឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងសម្រាប់ TikTok នៅសប្តាហ៍នេះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ​ បាននិយាយថា លោកនឹងចាប់ផ្តើមពិភាក្សាជាមួយប្រទេសចិន នៅក្នុងអំឡុងសប្តាហ៍នេះ​ អំពីកិច្ចព្រមព្រៀងដែលអាចកើតមានពាក់ព័ន្ធជាមួយនឹងកម្មវិធី TikTok។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង​ កាលពីថ្ងៃទី៥ ខែកក្កដា អំឡុងពេលនៅលើយន្តហោះ​ Air Force One ដោយលោក ត្រាំ​ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖​ ” យើងកំពុងមានកិច្ចព្រមព្រៀងជាមូលដ្ឋាន ជាមួយ ByteDance ដើម្បីលក់ TikTokនៅអាមេរិក។ ខ្ញុំគិតថាយើងនឹងអាចចាប់ផ្តើមការពិភាក្សានៅថ្ងៃចន្ទ ឬថ្ងៃអង្គារ ប្រហែលជាមួយប្រធានាធិបតីលោក ស៊ី ជិនពីង ឬអ្នកតំណាងម្នាក់របស់គាត់។ ប៉ុន្តែសរុបមក យើងជិតមានកិច្ចព្រមព្រៀងនោះហើយ”។

គួរឲ្យដឹងថា កាលខែមុន លោក ត្រាំ​ ក៏បានប្រកាសរួចហើយថា លោកបានរកឃើញអ្នកទិញសម្រាប់កម្មវិធី TikTok ហើយ ដោយនិយាយទៀតថា កិច្ចព្រមព្រៀងទំនងនេះ​​ ទំនងជានឹងត្រូវការយល់ព្រមពីប្រទេសចិន ជាមុនសិន។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថាតើចិន នឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះឬអត់ ខណ: លោក ត្រាំ​បានឆ្លើយតបវិញថា ៖” ខ្ញុំមិនប្រាកដទេ ប៉ុន្តែខ្ញុំគិតថាវានឹងអាចទៅរួច។ លោក ស៊ី និងខ្ញុំមានទំនាក់ទំនងល្អជាមួយគ្នាណាស់ ហើយកិច្ចព្រមព្រៀងនេះ គឺល្អសម្រាប់ពួកគេ”។​

ជម្រាបជូនផងដែរថា ជុំវិញការស្វែងរកម្ចាស់ថ្មីសម្រាប់កម្មវិធី TikTok នៅអាមេរិកនេះ ត្រូវបានកើតឡើង ក្រោមច្បាប់ការពារជនជាតិអាមេរិក ពីកម្មវិធីគ្រប់គ្រងដោយបរទេស (PAFACA) ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។ ច្បាប់នេះតម្រូវឲ្យក្រុមហ៊ុនមេ ByteDance យល់ព្រមលក់ TikTok ឬមួយត្រូវប្រឈមមុខទៅនឹងការបិទចោលទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិក​ នៅត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ប៉ុន្តែចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានសម្រេចពន្យារពេលលើការហាមឃាត់នេះជាបន្តបន្ទាប់ ដោយលើកចុងក្រោយ នៅត្រូវលើកដល់ថ្ងៃទី១៧ ខែកញ្ញា៕​