លោក ត្រាំ ស្នើកាត់បន្ថយកញ្ចប់ថវិការបស់ NASA ចំនួន ៥,៦ពាន់លានដុល្លារ នៅឆ្នាំ២០២៧

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញផ្សាយអំពីផែនការកញ្ចប់ថវិកាថ្មីមួយ កាលពីចុងសប្តាហ៍មុន ដោយអំពាវនាវឲ្យមានការកាត់បន្ថយថវិការបស់អង្គការ NASA ចំនួន ២៣ភាគរយ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសំណើនេះ មន្ត្រីសេតវិមានបានសរសេរនៅក្នុងផែនការថវិកាចុងក្រោយរបស់ខ្លួនថា កញ្ចប់ទឹកប្រាក់ចំនួន ១៨,៨ពាន់លានដុល្លារ នឹងត្រូវផ្តល់សម្រាប់អង្គការ NASA នៅឆ្នាំ២០២៧ ដែលជាការថយចុះ ៥,៦ពាន់លានដុល្លារ ឬស្មើទៅ ២៣% ពីកម្រិតដែលបានអនុម័តនៅឆ្នាំ២០២៦។

គួរឲ្យផងដែរថា សំណើចំណាយសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ត្រូវបានប្រកាសចេញជាលើកដំបូង បន្ទាប់ពីមានការរាំងស្ទះអស់រយៈពេលជាច្រើនខែកន្លងមក។ ដើម្បីដំណើរការកញ្ចប់ថវិកាថ្មីនេះបាន សភាមកពីបក្សធំៗទាំងពីរ ត្រូវតែអនុម័តសេចក្តីព្រាងច្បាប់បែងចែកថវិកាផ្ទាល់ខ្លួន ផ្សះផ្សាភាពខុសគ្នារវាងសភាទាំងពីរ ហើយបន្ទាប់មកផ្ញើថវិកាចុងក្រោយទៅសេតវិមាន ដើម្បីចុះហត្ថលេខាពីប្រធានាធិបតី លោក ត្រាំ ខណៈឆ្នាំសារពើពន្ធ ២០២៧ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ខាងមុខ។

ជម្រាបជូនផងដែរថា ដូចទៅនឹងថវិកាឆ្នាំមុនដែរ សំណើពីរដ្ឋបាលរបស់លោក ត្រាំ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសំខាន់ៗ ខណៈពេលដែលសភានឹងត្រូវយកទៅពិចារណាក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕​