ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះនៅអាស៊ី Jetstar ប្រកាសបិទអាជីវកម្ម ក្រោយទប់ការចំណាយលែងជាប់

អន្តរជាតិ

ក្រុមហ៊ុនអកាសចរណ៍តម្លៃទាប Jetstar Asia ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី Qantas បានប្រកាសកាលពីថ្ងៃទី១១ ខែមិថុនាថា ខ្លួនគ្រោងនឹងបិទអាជីវកម្មទាំងស្រុង នៅថ្ងៃទី៣១ ខែកក្កដាខាងមុខ បន្ទាប់ពីមិនអាចទប់ទល់នឹងការចំណាយទៀតបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុន Jetstar Group លោកស្រី Stephanie Tully បាននិយាយថា ការកើនឡើងនៃការចំណាយ ការប្រកួតប្រជែងនៅក្នុងតំបន់ខ្លាំង រួមទាំងការឡើងថ្លៃនៃការជួយអាកាសយានដ្ឋានChangi នៅក្នុងប្រទេសសិង្ហបុរីផងនោះ បានធ្វើឲ្យជិះឥទ្ធិពលយ៉ាងខ្លាំង ដល់អាជីវកម្មរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោកស្រី Vanessa Hudson ក៏បាននិយាយផងដែរថា ៖”នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ Jetstar ។ ទោបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយក៏ដោយ ប៉ុន្តែយើងបានមើលឃើញការចំណាយរបស់ពួកគេ កើនឡើងរហូតដល់ទៅ ២០០% ដែលជាកម្រិតខ្ពស់ជាងមូលដ្ឋាននៃការចំណាយរបស់ក្រុមហ៊ុនយ៉ាងខ្លាំង”។

មិនតែប៉ុណ្ណោះ យោងតាមសារព័ត៌មាន AFP បានដកស្រង់សម្តីរបស់ក្រុមហ៊ុនអូស្រ្តាលីថា ការបិទអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនេះ នឹងធ្វើឲ្យបុគ្គលិកសរុបប្រមាណ ៥០០ នាក់ បាត់បង់ការងារ ហើយយន្តហោះ Airbus A320 ចំនួន ១៣ គ្រឿងរបស់ Jetstar Asia នឹងត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់វិញ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Jetstar Asia គ្រោងនឹងប្រកាសពីការខាតបង់សុទ្ធរបស់ខ្លួនចំនួន ៣៥លានដុល្លារអូស្ត្រាលី (២៣លានដុល្លារ) ក្នុងឆ្នាំហិរញ្ញវត្ថុនេះ នៅមុនពេលការសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង៕