ភាពភ័យខ្លាចនៃអតិផរណាដែលបន្តអូសបន្លាយ បណ្តាលមកពីជម្លោះដែលកំពុងបន្តនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃមាសអន្តរជាតិ ធ្លាក់ចុះដល់ក្រោម ៤ ៦០០ដុល្លារក្នុងមួយអោនជាលើកដំបូង ក្នុងរយៈពេលជិតមួយខែចុងក្រោយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា នៅក្នុងការជួញដូរនៅថ្ងៃទី២៨ ខែមេសា តម្លៃមាស បានធ្លាក់ចុះជិត ៩០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ៥៩៤ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី២ ខែមេសាមក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងការការជួញដូរសារជាថ្មី គិតនៅត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា តម្លៃមាសបានកើនឡើងបន្តិចវិញ ដល់ ៤ ៦០២ដុល្លារក្នុងមួយអោន។
ទីផ្សារមាសអន្តរជាតិ បានធ្លាក់ចុះជាបន្តបន្តាប់ដោយសារតែមានការព្រួយបារម្ភអំពីអតិផរណាដែលអូសបន្លាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាមិនពេញចិត្តទៅនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ។
មិនតែប៉ុណ្ណោះ តម្លៃប្រងឆៅ ក៏បានកើនឡើងជិត ៣% ផងដែរ នៅថ្ងៃទី២៨ ខែមេសា ដែលបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីអតិផរណា នៅមុនមានកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក Fed ពាក់ព័ន្ធទៅនឹងការកាត់បន្ថយអត្រាការប្រាក់៕

