UN ប្រកាសសហការជាមួយកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព

សង្គម​ និង​សេដ្ឋកិច្ច

អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមរយៈជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ ភាគីអង្គការសហប្រជាជាតិក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រាសាទបន្ទាយឆ្មារ ដោយបានកោតសរសើរថា ប្រាសាទនេះមានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បេតិកភណ្ឌខ្មែរ។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាលើវិស័យសង្គម និងសេដ្ឋកិច្ច ជាពិសេសការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរឹងមាំ។ លោកបញ្ជាក់ថាកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាខាងលើ ភាគីទាំងពីរបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកែលម្អគោលនយោបាយ និងក្របខណ្ឌអនុវត្ត ការលើកកម្ពស់ស្តង់ដារទេសចរណ៍បៃតង ការពង្រឹងសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទេសចរណ៍ និងការជំរុញទេសចរណ៍ផ្អែកលើសហគមន៍ ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍ ការលើកទឹកចិត្តការចូលរួមរបស់យុវជន និងស្ត្រី និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការកសាងសមត្ថភាពធនធានមនុស្ស រួមមានជំនាញបដិសណ្ឋារកិច្ច ជំនាញឌីជីថល និងជំនាញបៃតង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍សម័យថ្មី។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជា ការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍ ការកែលម្អប្រព័ន្ធទិន្នន័យទេសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទេសចរណ៍ និងពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានលក្ខណៈបរិយាបន្ន និងនិរន្តរភាព ដើម្បីធានាថាកំណើនវិស័យនេះនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន និងស្របតាមគោលដៅអភិវឌ្ឍន៍សកល។

លើសពីនេះ ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់ ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៥៥ ហើយអង្គការសហប្រជាជាតិបានចូលរួមជួយគាំទ្រកម្ពុជាសំខាន់មួយនៅឆ្នាំ១៩៩១ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាគន្លឹះសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។