ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ដើម្បីជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំនេះ បានរៀបចំឡើងកាលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមកពីវិស័យភស្តុភារកម្មផងដែរ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមរបៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ របាយការណ៍សិក្សា “ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard)” ដែលទទួលបានជំនួយគាំទ្រពីធនាគារពិភពលោក (World Bank), របាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣, របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងរបាយការណ៍វឌ្ឍនភាពនៃ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex)។

ថ្លែងបើកកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់អំពីសារៈសំខាន់របស់ប្រព័ន្ធភស្តុភារកម្ម (ឡូជីស្ទីក) ក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងសរុបចំនួន ១៧៤ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ជំនាញ និងកិច្ចពិភាក្សារបស់អង្គប្រជុំទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវការអនុសាសន៍ណែនាំបន្ថែមមួយចំនួនលើការរៀបចំ ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) សំដៅធានាឱ្យបានថាប្រព័ន្ធនេះមានសូចនាករ (Key Indicators) សំខាន់ៗដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូឯកជនអាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើអាទិភាវូបនីយកម្មគម្រោង សម្រាប់ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់អំពីសារៈសំខាន់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលជាប្រតិបត្តិករចូលរួមផ្តល់ធាតុចូលឱ្យបានផុសផុល សំដៅធានាបាននូវការរៀបចំច្បាប់មួយប្រកបដោយបរិយាបន្ន៕អត្ថបទ៖ហ្សាលីន

