សម្តេចតេជោ ហ៊ុន សែន៖ វត្តមានមេដឹកនាំអាស៊ាន និងពិភពលោក នៅកម្ពុជាបង្ហាញពីមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំ និងសន្តិភាព

សង្គម​និង​សេដ្ឋកិច្ច

ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានរៀបចំជប់លៀង Gala Dinner ជូនដល់ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលថ្នាក់ដឹកនាំអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ពិធីលៀងសាយភោជន៍នេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណ៌ជ្រោយចង្វារ (OCIC) របស់មហាសេដ្ឋី ពុង ឃាវសែ នៅរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ថតរូបអនុស្សាវរីយ៍ និងរៀបចំពិធីលៀងសាយភោជន៍។ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោបានថ្លែងនូវសុន្ទរកថាចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យសំខាន់ៗ ដែលមានវត្តមានមេដឹកនាំអាស៊ាន និងពិភពលោក នៅកម្ពុជានាពេលនេះ បង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដែលធានាថាប្រជាជន អាចរស់រានក្នុងពិភពលោកមួយដោយសុខដុមរមនា និងសុខសន្តិភាព។

សម្តេចតេជោបន្តថា៖ វត្តមានយើងទាំងអស់គ្នានៅក្នុងកម្មវិធីនាល្ងាចនេះ បានបង្ហាញអំពីទិដ្ឋភាពពិត នៃស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះរបស់យើង ក្នុងការធានាថាប្រជាជនយើងទាំងអស់ អាចរស់រានបាន នៅក្នុងពិភពលោកមួយប្រកបដោយសុខដុមរមនា សុខសន្តិភាព សុវត្ថិភាព និងវិបុលភាព។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានមោទនភាព ក្នុងការធ្វើជាប្រធានអាស៊ានលើកទី៣ នាពេលនេះ ហើយបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រភាពជាប្រធានអាស៊ាននេះរបស់មេដឹកនាំនានាកន្លងមក។

បើតាមប្រធានអាស៊ានឆ្នាំ២០២២ សម្តេចមានមោទនភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការទទួលតួនាទីជាប្រធានអាស៊ាន ជាលើកទី៣នេះ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា យើងបានពូនជ្រំតាមរយៈដំណោះស្រាយរួមរបស់យើង សម្រាប់បញ្ហាប្រឈមនៅក្នុងតំបន់ និងពង្រឹងការចូលរួមចំណែករបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់ និងពិភពលោក៕