គ្រួសារម្ចាស់ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចប់ការបង់ពន្ធមរតកចំនួនជិត ៨ពាន់លានដុល្លារ នៅខែនេះ

អន្តរជាតិ

ក្រុមគ្រួសាររបស់លោក Lee Kun-hee ប្រធានក្រុមហ៊ុន Samsung Group ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ការបង់ពន្ធមរតកដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រកូរ៉េ ចំនួន ១២ពាន់ពាន់លានវ៉ុន (ឬស្មើទៅនឹងប្រមាណ ៧,៩៥ពាន់លានដុល្លារ) នៅខែមេសានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Korean Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីលោក Lee Kun-hee ទទួលមរណភាពក្នុងឆ្នាំ២០២០ មក អ្នកស្នងមរតករួមមាន អ្នកស្រី Hong Ra-hee ដែលជាភរិយា និងកូនៗ គឺលោក Lee Jae-yong, លោកស្រី Lee Boo-jin និងលោកស្រី Lee Seo-hyun បានក្លាយជាអ្នករ៉ាប់រងបង់ពន្ធមរតកដ៏ច្រើនមហាសាល ដែលចាប់ផ្តើមទូទាត់ចាប់តាំងពីឆ្នាំ២០២១ មក។

គួរឲ្យផងដែរថា លោក Lee Kun-hee មានទ្រព្យសម្បត្តិតម្លៃប្រហែល ២៦ពាន់ពាន់លានវ៉ុន ក្នុងនោះរួមមានផលប័ត្រដ៏ធំនៃភាគហ៊ុនក្រុមហ៊ុន Samsung អចលនទ្រព្យ និងការប្រមូលស្នាដៃសិល្បៈឯកជនជាច្រើនទៀត។ ក្នុងចំណោមនោះលោកស្រី Hong ទទួលបានចំណែកពន្ធពីទ្រព្យសម្បត្តិទាំងនេះច្រើនជាងគេ ប្រហែល ៣,១ពាន់ពាន់លានវ៉ុន បន្ទាប់មកគឺកូនៗរបស់ពួកគេ។

ជម្រាបជូនផងដែរថា ក្រុមគ្រួសារមហាសេដ្ឋីលំដាប់កំ​ពូលរបស់កូរ៉េខាងត្បូងនេះ​ បានសម្រេចជ្រើសរើសយកការបង់ពន្ធមរតកជា ៦ដំណាក់កាល ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ហើយវានឹងត្រូវបញ្ចប់នៅត្រឹមខែមេសា ឆ្នាំ២០២៦ នេះ៕​