«ព្រលឹងដូនតាវិលត្រឡប់»៖ វត្ថុបុរាណខ្មែរ ២០រូប ត្រូវបានបញ្ជូនពីសមុច្ច័យឯកជននៅអាស៊ីមកដល់កម្ពុជាវិញ

សង្គម​ និង​សេដ្ឋកិច្ច

សមិទ្ធផលថ្មីមួយទៀតនៃកិច្ចការពារបេតិកភណ្ឌជាតិ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការទទួលត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន ២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌បានឱ្យដឹងថាការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្ដល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។

ក្រសួងវប្បធម៌បានបន្ថែមថា ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ។ បុគ្គលស្នូល ក្នុងកិច្ចការនេះ គឺលោក Imran Hamid Khwaja ជាដៃគូនៃក្រុមហ៊ុន Tan Rajah & Cheah ដែលជាក្រុមហ៊ុនច្បាប់ ដ៏ចំណាស់បំផុតមួយរបស់ប្រទេសសិង្ហបុរី និងជាមេធាវីដែលមានបទពិសោធន៍ទូលំទូលាយក្នុងការដោះស្រាយវិវាទ អន្តរជាតិ។ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia បានដើរតួនាទី យ៉ាងសំខាន់ក្នុងការសហការ និងចរចាបញ្ចូនត្រឡប់មកវិញនៃរតនវត្ថុជាតិទាំងនេះ។

ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។

ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកំពុងកាន់កាប់វត្ថុបុរាណខ្មែរ សូមទាក់ទងមកក្រសួង និងចូលរួមពិភាក្សាប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រគល់វត្ថុបុរាណខ្មែរមកកម្ពុជាវិញ៕