បារាំងនឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការពី១០០ទៅ២០០ លានអឺរ៉ូក្នុងមួយឆ្នាំដល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

​ភាគីបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០ លានអឺរ៉ូទៅ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៦កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង, លោកស្រី Marie-Helene អនុប្រធានប្រតិបត្តិរបស់AFD បានឱ្យដឹងថាទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ហើយត្រូវបានពូនជ្រុំជាពិសេសនាពេលថ្មីៗនេះដោយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីបានគូសបញ្ជាក់ថា«បារាំងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជាហើយថែមទាំងជួយកៀរគរហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្រសកម្មភាពរបស់AFDឆ្នាំ២០២២-២០២៦ សម្រាប់កម្ពុជា»។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ គិតចាប់ពីឆ្នាំ១៩៩៣ បារាំងតាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៩២៧ លានអឺរ៉ូ ក្នុងនោះ ឥណទានសម្បទានមានចំនួនប្រមាណ ៥៤៨ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូដោយផ្តោតលើវិស័យកសិកម្ម, ធារាសាស្ត្រ, ទឹកស្អាត, ថាមពល, អប់រំ, សុខាភិបាល, ទេសចរណ៍, បរិស្ថាន, និងមីក្រូហិរញ្ញវត្ថុ។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់ការទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយ, យុទ្ធសាស្រ្តអភិវឌ្ឍន៍ និងអាទិភាពគោលនយោបាយសំខាន់ៗជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក វង្សី វិស្សុត បានបញ្ជាក់ថា «លទ្ធផលនិងកិច្ចពិភាក្សាដ៏ស៊ីជម្រៅ នាឱកាសកិច្ចប្រជុំនេះ បានស្តែងឱ្យឃើញអំពីសារៈប្រយោជន៍នៃយន្តការទ្វេភាគីដ៏សំខាន់នេះ ក្នុងការពង្រឹងនិងពង្រីកលើកិច្ចសហប្រតិបត្តិការនានាជាពិសេសទំនាក់់ទំនងភាពជាដៃគូអភិវឌ្ឍន៍ក៏ដូចជាដោះស្រាយ និងបំពេញមហិច្ឆតាអភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលបារាំងស្របតាមការឯកភាពគ្នារវាងសម្តេចតេជោហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីពេលថ្មីៗនេះ»។

យោងតាមលោក វង្សី វិស្សុត កិច្ចប្រជុំពិគ្រោះយោបល់នេះ បានផ្តល់ឱកាសដល់ភាគីទាំងពីរធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើ ទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងវិស័យអាទិភាព ក៏ដូចជាបញ្ជីគម្រោងសម្រាប់បណ្តាឆ្នាំខាងមុខ។ ម្យ៉ាងវិញទៀត យន្តការនេះក៏បានជួយពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំរបស់ក្រសួងស្ថាប័នអនុវត្តគម្រោង ក្នុងការរៀបចំសម្រិតសម្រាំង និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលាប្រកបដោយលទ្ធផលជាផ្លែផ្កា តាមគោលដៅដែលរំពឹងទុក៕ អត្ថបទ៖សារេត