នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានដឹកនាំរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ពិធីសូត្រមន្តខាងលើនេះ មានការចូលរួមពី ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា (Oknha Dr. Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ព្រមទាំងមន្រ្តីរាជរដ្ឋាភិបាល ក្រុមហ៊ុនអាកាសចរណ៍ អាជីវករ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបម្រើការនៅអាកាសយានដ្ឋាន។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសុំសេចក្តីសុខ សេចក្តីចម្រើនសិរីឆ្នាំថ្មីផងដែរ៕









