អាមេរិក ព្រមានអ៊ីរ៉ង់កុំបណ្តោយឲ្យបទឈប់បាញ់ដួលរលំដោយសារលីបង់

អន្តរជាតិ

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខនិយាយត្រង់ៗថា បញ្ហាលីបង់មិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងឈប់បាញ់នោះឡើយ ដោយព្រមានអ៊ីរ៉ង់អំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើពួកគេបំពានទៅលើការប្តេជ្ញាចិត្តនេះនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក JD Vance បាននិយាយមុនពេលធ្វើដំណើរចាកចេញពីប្រទេសហុងគ្រី នៅថ្ងៃទី៨ ខែមេសាថា ៖”ខ្ញុំគិតថាអ៊ីរ៉ង់ ច្បាស់ជាគិតថាកិច្ចព្រមព្រៀងឈប់បាញ់នេះ​មានរួមបញ្ចូលបញ្ហាលីបង់ ប៉ុន្តែនោះមិនត្រូវបានរាប់បញ្ជូលឡើយ។ យើងមិនដែលសន្យាលើរឿងទាំងនោះទេ”។

មិនតែប៉ុណ្ណោះ លោក Vance បានបន្ថែមទៀតថា ប្រសិនបើអ៊ីរ៉ង់អនុញ្ញាតឲ្យការចរចាជាមួយសហរដ្ឋអាមេរិកបរាជ័យ ដោយសារតែបញ្ហាលីបង់នោះ ពួកគេនឹងត្រូវទទួលខុសត្រូវដោយខ្លួងឯង ហើយថែមទាំងបានព្រមានអំពីការប្រឈមមុខទៅនឹងផលវិបាកធ្ងន់ធ្ងរផងដែរ ។

គួរឲ្យដឹងថា បន្ទាប់ពីការប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី៨ ខែមេសា អ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំបំផុតមួយ នៅទូទាំងប្រទេសលីបង់។ ពួកគេបាននិយាយថា នេះគឺជាផ្នែកមួយនៃប្រតិបត្តិការថ្មីមួយដែលមានឈ្មោះថា Operation Eternal Shadow ដែលកំណត់គោលដៅទៅលើមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យរបស់ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់៕​

ជម្រាបជូនថា អ៊ីរ៉ង់បានរិះគន់ចលនារបស់អ៊ីស្រាអែល និងបានហៅវាថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានប្រកាសនៅថ្ងៃទី៩ ខែមេសាថា ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបន្តធ្វើឡើងលើប្រទេសលីបង់៕​