រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង(City Bus) ចំនួន៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនបង់ប្រាក់និងទទួលបានទឹកពិសារបរិសុទ្ធសម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំរថយន្តក្រុងនេះ គឺជាការអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ។
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖
១.សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី ភ្នំពេញ-បាត់ដំបងដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹកនៅចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២.សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី បាត់ដំបង-ភ្នំពេញ ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតរថយន្តផ្សារទំនើប ភូ ពុយ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបងក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តបាត់ដំបងក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕





