ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ដោយនៅក្នុងនោះ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១០ ខែមេសា សាំងធម្មតា ៥២០០រៀល និងម៉ាស៊ូត ៦៩០០រៀលក្នុង១លីត្រ។

តាមរយៈសេចក្ដីជូនដំណឹងដដែលនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស់ ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥២០០រៀលលីត សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦ ៩០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕


