ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យអ៊ីស្រាអែលកាត់បន្ថយកម្រិតនៃយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ ដើម្បីធានាបាននូវភាពជោគជ័យនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

លោក ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន NBC News នៅថ្ងៃទី៩ ខែមេសាថា ៖”ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រី Netanyahu ហើយ ដោយគាត់បានយល់ព្រមកាត់បន្ថយយុទ្ធនាការនេះ។ ខ្ញុំគិតថាយើងត្រូវតែមានការប្រុងប្រយ័ត្នបន្តិច”។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បាននិយាយផងដែរថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ដែលកំពុងដំណើរការ។
គួរឲ្យដឹងថាបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងបង្ហាញសញ្ញានៃភាពតានតឹង ខណៈពេលដែលកងទ័ពអ៊ីស្រាអែល បន្តបើកការវាយលុករបស់ពួកគេ នៅភាគខាងត្បូងប្រទេសលីបង់ ដែលជាកន្លែងដែលក្រុមហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ធ្វើប្រតិបត្តិការ។
ជម្រាបជូនថា នៅថ្ងៃទី៨ ខែមេសា អ៊ីរ៉ង់បានគំរាមលុបចោលបទឈប់បាញ់ ជាមួយសហរដ្ឋអាមេរិក ប្រសិនបើអ៊ីស្រាអែល មិនព្រមបញ្ឈប់យុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ទេនោះ៕

