យោងតាមកំណត់ហេតុមួយនៃកិច្ចប្រជុំប្រចាំខែមីនារបស់ធនាគារកណ្តាលអាមេរិក Fed បានបង្ហាញឲ្យដឹងថាមន្ត្រីធនាគារជាច្រើន មានអារម្មណ៍ថាពួកគេអាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់ជាមួយនឹងអតិផរណា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កំណត់ហេតុដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែមេសា បានបញ្ជាក់ថា សមាជិកមួយចំនួននៃ Fed ជឿជាក់ថាមានមូលដ្ឋានរឹងមាំសម្រាប់លទ្ធភាពនៃការដំឡើងអត្រាការប្រាក់នាពេលអនាគត។ ទស្សនៈនេះ គឺបានកើតឡើងនៅក្នុងបរិបទនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឲ្យតម្លៃថាមពលកើនឡើងអស់រយៈពេលជាងមួយខែកន្លងមកនេះ។
គួរឲ្យដឹងថា នៅក្នុងកិច្ចប្រជុំខែមីនារបស់ខ្លួន ធនាគារកណ្តាលសហរដ្ឋអាមេរិក បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរនៅចន្លោះ ៣,៥-៣,៧៥%។ ប៉ុន្តែស្ថាប័ននេះ ក៏បានកត់សម្គាល់ផងដែរថា ជម្លោះនៅអ៊ីរ៉ង់ កំពុងបង្កើតភាពមិនប្រាកដប្រជាថ្មីសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ជម្រាបជូនថា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានចេញផ្សាយកំណត់ហេតុនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ និងឈានដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ៕

