ប្រទេសក្រិក នឹងចេញច្បាប់ថ្មីមួយដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ពីការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis ដែលនេះមានន័យថាក្រិកនឹងក្លាយជាប្រទេសចុងក្រោយមួយ ដែលចេញច្បាប់ហាមឃាត់កុមារពីការប្រើប្រាស់បណ្តាញសង្គម ចំពេលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃវេទិកាទាំងនេះ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Pavlos Marinakis បាននិយាយថា កុមារដែលកើតចាប់ពីឆ្នាំ២០១២ ឡើងទៅ នឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់វេទិកាដែលអាចជះឥទ្ធិពលអវិជ្ជមាន ដូចជា Facebook, Instagram, Tik Tok និង Snapchat ជាដើម។
ជម្រាបជូនថា កាលពីខែធ្នូ អូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលតម្រូវឱ្យ TikTok, YouTube, Snapchat និងគេហទំព័រកំពូលៗផ្សេងទៀតលុបគណនីដែលកាន់កាប់ដោយអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ បើមិនចង់ទទួលរងនូវការផាកពិន័យធ្ងន់ធ្ងរ៕

