ក្រុមហ៊ុន China Communication Construction Company (CCCC) បានបង្ហាញពីបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត។បំណងនេះបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Song Hailiang ប្រធានក្រុម (CCCC) បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។ លោក ក៏បានប្ដេជ្ញាចិត្តថា ក្រុមហ៊ុននឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ លើសពីនេះ លោកថា ក្រុមហ៊ុនមាន បំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន៖ ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem) ជាដើម។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្ដេចធិបតីថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជា «ឆ្អឹងខ្នង» នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ និងបានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកនូវកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។
សូមជម្រាបដែរថា តាមរយៈក្រុមហ៊ុនខាងលើ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់អនុវត្តគម្រោងដែលកំពុងមានឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ហ្សលីន

