អន្តរក្រសួងចុះពិនិត្យទីតាំងសំណើសុំវិនិយោគបង្កើតផែស្ងួត តម្លៃជាង២០លានដុល្លារ នៅព្រៃវែង

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មការអន្តរក្រសួងស្ថាប័ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងសំណើសុំវិនិយោគបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា ដែលបានដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័នបានឱ្យដឹងថា ក្នុងដំណើរបេសកកម្មការងារនេះមានវត្តមានចូលរួមពីតំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងផែនការ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តព្រៃវែងផងដែរ។

គម្រោងផែស្ងួតនេះជាគម្រោងទី១ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុនវិនិយោគប្រមាណជាង ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា។

គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្នុងទិដ្ឋភាពរួមរបស់គម្រោងផែស្ងួតនេះនឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងគំាទ្រនានាដែលរួមមាន អគារការិយាល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម។

ក្រៅពីបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងវិនិយោគខាងលើ គណៈកម្មការអន្តរក្រសួងស្ថាប័ន ក៏បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាមដើម្បីស្វែងយល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ។

ទន្ទឹមគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានជម្រាបជូនពីការត្រៀមលក្ខណៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់តំបន់នេះជូនដល់វិនិយោគិនជាតិនិងអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន