នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច លេខ 47 COM 8B.14 ។

ការទទួលស្គាល់ជាផ្លូវការ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះ រមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។
“បូជនីយដ្ឋានចងចាំនៃកម្ពុជា” គឺជា ទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី។ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” រួមមានទីតាំងឧក្រិដ្ឋកម្មចំនួនបី ត្រូវបានចុះបញ្ជី៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បំណង និងមូលដ្ឋាននៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបង្ហាញពិភពលោក អំពីភាពរឹងមាំនិងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃាដ” មកជា “ទឹកដីសន្តិភាព” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗរូប ហើយក៏ជាស្មារតីចងចាំដ៏ថ្លៃថ្លាបំផុតរបស់ពិភពលោក មិនចំពោះតែប្រជាជន កម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង។ ចាប់ពីពេលនេះតទៅ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់ កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព” ។

យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសនៃការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” កាលពីថ្ងៃទី១១ កក្កដា ក៏បានគូសបញ្ជាក់ថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចនាយករដ្ឋមន្រ្តីបានធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជា ការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ៕



