តើក្រុមហ៊ុន សែលកាត ដោះដូរនាយកប្រតិបត្តិបច្ចុប្បន្នតាំងពីពេលណា?

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង តែងតាំងនាយកប្រតិបត្តិថ្មី ជាអ្នកជំនាញនៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ដោយទទួលបានភាពជោគជ័យកំណត់ត្រាបទជាមួយម័លខម (Millicom) ក្រុមហ៊ុន អេស៊ាតា (Axiata) ហាចជីសន (Hutchison) និងក្រុមហ៊ុន ទូរគមនាគមន៍អង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនាញរូបនោះគ្មាននរណាក្រៅពីលោក Simon Perkins ចូលកាន់ដំណែងនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ជំនួសលោក Ian Watson ដែលត្រូវចប់អាណត្តិ។ ជំនួញជនជាតិអង់គ្លេស លោក Ian បានកាន់តួនាទីនាយកប្រតិបត្តិ អស់រយៈពេល ៩ ឆ្នាំនៃការធ្វើការជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

នៅក្នុងអាណត្តិ លោក Ian ក្រុមហ៊ុន សែលកាត ស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អនៅក្នុងស្រុក និងក្នុងតំបន់ ដែលត្រូវបានចាត់ទុកថាជាប្រ៊េនដែលអាចវិនិយោគបានខ្លាំងផងដែរ។

លោក Simon Perkins

សូមបញ្ជាក់ថា ពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរចំពោះក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ដែលមានប្រព័ន្ធសេវាគ្របដណ្តប់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងអាចភ្ជាប់ការហៅចេញ-ចូលនៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៃគណៈរដ្ឋមន្ត្រី បានប្រើប្រាស់បណ្តាញទូរស័ព្ទសែលកាតប្រមាណ ៩៥ភាគរយ ជាពិសេសប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ០១២ ដោយមន្ត្រីខ្លះប្រើប្រព័ន្ធនេះរហូតដល់ទៅ ២ទៅ៣ខែ្សក៏មាន។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់ គ្រុប សែលកាត គឺជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិកម្ពុជាតែ ១០០ ភាគរយ។ ដោយបានដំណើរការតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុន សែលកាត គឺជាបណ្តាញទូរស័ព្ទចល័តដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត គឺពានរង្វាន់ឧស្សាហកម្មជាង ៣០ សម្រាប់ឧត្តមភាពបណ្តាញក្រុមហ៊ុន រួមទាំងពានរង្វាន់ Ookla Speedtest ចំនួន ៦ ជាប់គ្នា និងពានរង្វាន់ជាច្រើនទៀតដែលបានឈ្នះពី Opensignal រួមទាំងពានរង្វាន់បទពិសោធន៍ហ្គេម (Best Games Experience) ល្អបំផុតក្នុងខែកុម្ភៈឆ្នាំ ២០២០៕