ក្រសួងទេសចរណ៍ គាំទ្រគំនិតផ្តួចផ្តើមយុទ្ធនាការជិះកង់ឆ្លងកាត់ ៤០ប្រទេស ដើម្បីផ្សព្វផ្សាយតំបន់សក្តានុពល​ទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ 58,000 km ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើ​រយៈពេល ២ ឆ្នាំពេញ ឬស្មើនឹង ៧៣០ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធន៍ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់លោក ទីវ តារារិទ្ធ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បី​ផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិត​ផ្តួចផ្តើម​ដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាព​កម្ពុជាទៅកាន់​ពិភពលោក។

សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ​ដល់​បេសកកម្មនៃការបើកបរទោចក្រយានយន្ត ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង។

ជាក់ស្តែង គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយ​កិត្តិនាម​កម្ពុជា​ទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និងគាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជា​ទៅកាន់ពិភពលោក ដើម្បីនាំពិភពលោកមកកម្ពុជាវិញ។