ក្រសួងកំពុងស្វែងរកថវិកាជាង ១០០លានដុល្លារ ដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេស ក្នុងរយៈពេល២ឆ្នាំខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​​កំពុង​ត្រូវការ​ថវិកា​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ទៅ​តាមផែនការគ្រោង​ទុក​ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ​​នៅ​ទីស្តីការក្រសួង ដើម្បីឈ្វេងយល់ និងសិក្សាឱ្យបានស៊ីជម្រៅអំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងធ្វើកិច្ចសហការជាមួយគ្នា​ក្នុង​ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព លោក សាយ សំអាល់ បាន​លើកឡើង​ថា ក្រសួងត្រូវការថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ហើយតាមផែនការគឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

បន្ថែមពីនេះ នារសៀល​ថ្ងៃ​ដដែល លោកឧបនាយករដ្ឋមន្ត្រី ក៏បាន​ទទួល​ជួប​ពិភាក្សាការងារជាមួយ លោក​ Igor Driesmans ឯកអគ្គ​រដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប​នេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ​​បាន​ស្នើសហភាពអឺរ៉ុប​ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស ​ហើយ​លោក​បាន​ឱ្យ​ដឹង​ផងដែរថា កន្លង​មក​រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​ស្វែង​រកថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដើម្បីចុះបញ្ជីដីធ្លី ៥ លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់។

សូម​ជម្រាប​ថា ការងារអាទិភាពមួយ​របស់ក្រសួង នៅ​អាណត្តិថ្មី​នេះ​ គឺការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងធ្វើឱ្យ​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕ ​