ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមហ៊ុន Ford ចាយលុយ ៧០ម៉ឺនដុល្លារ ជាមួយវិទ្យាស្ថានតេជោសែន

សង្គម​និង​សេដ្ឋកិច្ច

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន RMA សម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស Ford-TSI នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធឱកាសនេះ លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី បានសំដែងជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងផ្តល់ជាប្រយោជន៍ដល់ប្អូនៗសិស្សនិស្សិត ក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេស។ លោកថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ ហ្វដ-ធី អេស អាយ ដែលបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ នឹងក្លាយជាទីតាំងមួយសម្រាប់ឱ្យសិស្សានុសិស្ស សិក្ខាកាមនានាមកទទួលយកការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែងផ្ទាល់។

បន្ថែមពីលើនេះ ក្រុមហ៊ុន RMA ក៏បានផ្ដល់អ្នកជំនាញបច្ចេកទេសមកបណ្ដុះបណ្ដាលសិក្ខាកាម និងនិស្សិតរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ហើយនឹងបានផ្ដល់គ្រឿងសម្ភារៈបរិក្ខារ រួមទាំងរថយន្តចំនួន៥គ្រឿង ដើម្បីឱ្យសិស្សអនុវត្ដនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះ បណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនឹងត្រូវរៀបចំជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ក្រុមហ៊ុនបាន រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានផ្ដល់រថយន្ដចំនួន ៥គ្រឿងដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេស យានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់ ដែលគិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារ អាមេរិក។ ដូច្នេះសរុបជាទឹកប្រាក់ក្នុងដំណាក់កាលទី១ មានចំនួនប្រមាណជា ៧០ម៉ឺនដុល្លារអាមេរិក។

ទន្ទឹមនឹងនោះដែល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA ទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញផងដែរអំពីផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ៣៣០គម្រោង ដើម្បីឱ្យក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA គៀងគរអ្នកវិនិយោគពីសហរដ្ឋអាមេរិក។

ការស្នើសុំរបស់រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្របពេលក្រុមហ៊ុន RMA បានខិតខំប្រឹងប្រែងសហការរៀបចំបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI)នេះឡើង និងការបើកដំណើរការជាផ្លូវការនូវរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែមិថុនាម្សិលមិញ៕