ស្របពេលតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះមានស្ថិរភាពល្អ ហើយការប្រមូលផលនៅតាមតំបន់មួយចំនួននិងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាតម្រូវការកូនស្វាយចន្ទីនិងតម្លៃលក់នៅលើទីផ្សារកំពុងបង្ហាញសញ្ញាកើនឡើងខុសប្រក្រតី។ ការកើនឡើងនេះបានជំរុញឱ្យសមាគមស្វាយចន្ទីកម្ពុជា ចេញលិខិតអំពាវនាវភ្លាមៗដល់ម្ចាស់កសិដ្ឋានបណ្តុះកូនស្វាយចន្ទីឱ្យរក្សាតម្លៃដដែលក្នុងចន្លោះ១៥០០រៀលទៅ២៥០០រៀលសម្រាប់កូនស្វាយចន្ទីមួយដើម។

បើយោងតាម លោក ញូង ធីម ប្រធានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងបានលើកឡើងថាបច្ចុប្បន្ននេះមិនអាចហាមឃាត់តម្លៃបានដោសារទីផ្សារសេរី និងម្យ៉ាងទៀត ប្រជាពលរដ្ឋមានតម្រូវការកូនស្វាយចន្ទីខ្ពស់ ដោយសារតែបងប្អូនកសិករមួយចំនួនដែលធ្លាប់ដាំដំឡូងមី បែរមកដាំស្វាយចន្ទីវិញមានចំនួនច្រើន។
នៅពេលកូនស្វាយចន្ទីលក់មានតម្លៃខ្ពស់ ប៉ុន្តែបើចង់ហាមឃាត់កន្លែងបណ្តុះកូនស្វាយចន្ទីលក់ធ្លាក់ចុះថ្លៃវិញបានទេ? លោក ញូង ធីម យល់ថា អត់អាចនោះទេមានតែឡើងថ្លៃ បើតាមការគិតរបស់ខ្ញុំ មានន័យថាកន្លែងបណ្តុះកូនឈើឬថ្នាលបណ្តុះកូនស្វាយចន្ទីនេះឯងវាអស់គ្រប់កន្លែង ហើយអ្នកកក់លុយទុកក្នុងមួយដើមថ្លៃ៣៥០០ទៅ៤០០០រៀល ដោយសារកសិករសព្វថ្ងៃកំពុងតែជំរុញការដាំស្វាយចន្ទី ព្រោះមើលឃើញដំណាំមួយនេះហាក់មានទីផ្សារល្អ។
លោកលើកឡើងថា “នៅពេលបច្ចុប្បន្នកសិករដែលដាំពូជស្វាយចន្ទីបុរាណកាលពីពេលមុនៗ ពួកគាត់បាននិងកំពុងតែកាប់បណ្តើរៗមានស្ទើរតែគ្រប់កន្លែង ដោយសារតែគាត់ងាកមកដាំពូជស្វាយចន្ទីទំនើបវិញច្រើន។ ខ្ញុំឃើញកសិករភាគច្រើនបានដឹកដើមស្វាយចន្ទីចេញពីចំការរបស់ខ្លួនមកដាក់នៅតាមផ្លូវច្រើន”។
បើយោងតាមលោក ញូង ធីម, ស្របពេលដែលតម្រូវការនិងតម្លៃកូនស្វាយចន្ទី បានក្លាយជាប្រធានបទដែលកសិករកំពុងចាប់អារម្មណ៍ សម្រាប់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គ្រោងបញ្ចប់ការប្រមូលផលគ្រាប់ស្វាយចន្ទីរបស់ខ្លួននៅចុងខែឧសភាឆ្នាំ២០២៥ខាងមុខ ដោយរំពឹងថាបានបរិមាណផលប្រមាណ៨០០តោនឬស្មើនិង៨០% ពោលទាបជាងនៅក្នុងផែនការអាជីវកម្មរបស់ខ្លួនកំណត់១០០%។

យោងតាមសមាគមស្វាយចន្ទីកម្ពុជាកាលថ្ងៃទី៦ខែឧសភាឆ្នាំ២០២៥នេះបានចេញលិខិតអំពាវនាវដល់ម្ចាស់កសិដ្ឋានបណ្តុះកូនស្វាយចន្ទីឱ្យរក្សាតម្លៃដដែលក្នុងចន្លោះ១៥០០រៀលទៅ២៥០០រៀលក្នុងកូនស្វាយចន្ទីមួយដើមដើម្បីផ្តល់ឱកាសដល់កសិករដែលដាំដុះចន្ទថ្មីលើដីចំការចាស់។
លិខិតអំពាវនាវ របស់សមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា “បើម្ចាស់កសិដ្ឋានបណ្តុះកូនចន្ទី តំឡើងតម្លៃតាមការផ្អើលនេះ អាចមានគុណវិបត្តិកើតឡើង ជនឆ្លៀតឱកាស នឹងបង្ហូរពូជស្វាយចន្ទីមិនមែនជារបស់កម្ពុជា (មិនមែនអឹម២៣) ចូលមកលក់ក្នុងតម្លៃធូរថ្លៃ ដើម្បីធ្វើវិច្ឆេទកម្មទីផ្សារ កូនចន្ទីកម្ពុជា ធ្វើឱ្យកសិករខាតបង់ដោយសារបានពូជចន្ទក្លែងក្លាយ នឹងធ្វើឱ្យម្ចាស់កសិដ្ឋានបណ្តុះកូនចន្ទី នឹងសល់កូនចន្ទីច្រើនដូចឆ្នាំ ២០២២ កន្លងទៅ។សមាគមស្វាយចន្ទីកម្ពុជា ស្នើដល់កសិករ និង ម្ចាស់កសិដ្ឋានបណ្តុះកូនចន្ទី សហការគ្នារក្សាតម្លៃកូនចន្ទី ឱ្យនៅសមរម្យដើម្បីប្រយោជន៍យូរអង្វែង”៕ SL

