សេដ្ឋី​៧ រូប ​​កើត​មក​ក្រ គ្មានទ្រព្យ​ឪពុក​ម្តាយ​ចែក​អោយ​ទេ តស៊ូ​រកស៊ី​មានប្រាក់​ពាន់​លាន​ជាប់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

លោក​ Jeff Bezos ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​យក្ស Amazon កាលពី​ដើម​ឡើយ ការងារ​ដំបូង​បំផុត​របស់​លោក​គឺ​ជាអ្នក​​អាំង​សាច់​នៅ​អាហារដ្ឋាន​ McDonald ប៉ុណ្ណោះ រីឯ​ការងារ​ដំបូង​របស់​បិតា​វិនិយោគិន​ Warren Buffett វិញ​គឺ​ជា​ក្មេង​លក់​កាសែត​តាម​ផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តទៅ​នេះ ឧកញ៉ាញូវស៍​សូម​ធ្វើ​សម្រាយ​ត្រួសៗ​អំពី​ការងារ​ដំបូង​របស់​មហាសេដ្ឋី​ល្បី​ឈ្មោះ ៧​រូប​ដូច​ខាងក្រោម៖

1/ Warren Buffett

បិតា​វិនិយោគិន​ចេះ​រកស៊ី​តាំង​ពី​លោក​នៅ​កុមារភាព ពោល​គឺ​នៅ​អាយុ​ត្រឹម ១៣ ឆ្នាំ Buffett អាច​រក​លុយ​បាន​ដោយ​ធ្វើ​ជា​ក្មេង​លក់​កាសែត​តាម​ផ្លូវ​ និង​តែង​ឆ្លៀត​រក​របរ​ផ្សេងៗ​ឲ្យ​តែ​មាន​ឱកាស រហូត​ដល់​លោក​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ជាមួយ​ប្រាក់​ចំណូល​ពីមុខ​ជំនួញ​បាន ១ ម៉ឺន​ដុល្លារ​ទាំង​វ័យ​ក្មេង។ ​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​ Warren Buffett គឺ​មាន​ប្រមាណ ១០១,៥ ពាន់​លាន​ដុល្លារ។

2/ Oprah Winfrey

Winfrey គឺជា​ស្ត្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​បញ្ជី​មួយ​នេះ ដែល​អាច​កែប្រែ​វាសនា​ខ្លួនឯង​បាន។ មុន​នឹង​ក្លាយ​ជា​ពិធីការនី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ការងារ​ដំបូង​របស់​ស្ត្រី​ជនជាតិ​អាមេរិក​រូប​នេះ គឺ​ជា​អ្នក​គិតលុយ​នៅ​ហាង​លក់​គ្រឿងទេស​មួយ​កន្លែង​ប៉ុណ្ណោះ។ លុះដល់​វ័យ ១៦ ឆ្នាំ Winfrey ក៏​ជំនះ​ចិត្ត​ងាក​មក​ចាប់​អាជីព​ជា​ពិធីការនី​វិញ ដោយ​សព្វថ្ងៃ​អ្នកស្រី​មាន​ទ្រព្យ​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ។

3/ Michael Bloomberg

Michael Blooomberg គឺ​ភាគច្រើន​ត្រូវ​គេ​ស្គាល់​ថា​ជា​បុគ្គល​ជោគជ័យ​បំផុត​ខាង​ផ្នែក​នយោបាយ ក៏​ដូច​ជា​វិនិយោគិន​វៃឆ្លាត​មួយ​រូប​ផង​ដែរ។ តែ​មុន​នឹង​មាន​ថ្ងៃ​នេះ Bloomberg ធ្វើ​ការ​ជា​អ្នក​ហែក​សំបុត្រ​ និង​យាម​យានយន្ត​តែប៉ុណ្ណោះ​។ ហើយ​ក្នុង​នាម​ជា​កូន​នៃ​គ្រួសារ​ជីវភាព​មធ្យម Bloomberg ត្រូវ​ធ្វើការ​បណ្ដើរ រៀន​បណ្ដើរ ទម្រាំ​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Havard ហើយ​សព្វថ្ងៃ​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៥៩ ពាន់​លាន​ដុល្លារ។

4/ Bill Gates

ស្ថាបនិក​ក្រុមហ៊ុន​ Microsoft លោក Bill Gates គឺ​ជា​មហាសេដ្ឋី​មួយ​រូប​ដែល​នរណាៗ ក៏​ស្គាល់​ពី​បុរស​រូប​នេះ​ដែរ។ បុរស​ដែល​បោះបង់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ Havard ទទួល​បាន​ការងារ​ដំបូង​ជា​អ្នក​សរសេរ​កូដ​កម្មវិធី​កុំព្យូរទ័រ​។ ​បច្ចុប្បន្ន​បុរស​មាន​ទ្រព្យ​ ១៣១,២ ពាន់​លាន​ដុល្លារ​បាន​លាលែង​ពី​តំណែង​ជា CEO នៃ​ក្រុមហ៊ុន Microsoft ហើយ ដោយ​ចង់​ផ្ដោត​ទៅ​លើ​មូលនិធិ​ Bill & Melinda Gates Foundation ដែល​សម្រាប់​ជួយ​ដល់​ប្រព័ន្ធ​អប់រំ ប្រឆាំង​ភាព​អត់ឃ្លាន និង​រុករក​វ៉ាក់សាំង​ថ្មីៗ​ជា​ដើម។

5/ Steve Jobs

ទូរស័ព្ទ​ iPhone ដែល​គ្រប់គ្នា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ គឺ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​របស់​ស្ដេច​បច្ចេកវិជ្ជា Steve Jobs ដែល​លោក​បាន​ចែកឋាន​ទៅ​កាលពី​ឆ្នាំ ២០១១។ ទ្រព្យសម្បត្តិ​សរុប​ដែល​លោក​មាន​គ្រានោះ​ គឺ​ប្រមាណ ១០,២​ពាន់​លាន​ដុល្លារ។ ការងារ​ដំបូង​ដែល Steve Jobs ធ្លាប់​ធ្វើ​គឺ ជា​អ្នក​ធ្វើការ​ក្រៅ​ម៉ោង​នៅ​ក្រុមហ៊ុន HP ។

6/ Jeff Bezos

មុន​រក​ឃើញ Amazon លោក Jeff Bezos គឺ​មាន​ការងារ​ជា​អ្នក​ចម្អិន​សាច់​នៅ​អាហារដ្ឋាន McDonald នៅ​ទីក្រុង Miami ដែល​គ្រា​នោះ​លោក​មាន​វ័យ ១៦ ឆ្នាំ។ ហើយ​មេរៀន​សំខាន់​ដែល​លោក​ទម្លាយ​ថា​បាន​មក​ពី​ការងារ​មួយ​នោះ គឺ​ផ្ដល់​សេវាកម្ម​ ឬ​ទំនិញ​ទៅ​កាន់​អតិថិជន​ឲ្យ​បាន​កាន់​តែ​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​ឲ្យ​មាន​ការ​ខូចខាត។

បច្ចុប្បន្ន ស្ថាបនិក​ក្រុមហ៊ុន​​ Amazon គឺជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​លោក​ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៧៧ ពាន់​លាន​ដុល្លារ។

7/ George Lucas

ប្រសិនបើ​អ្នក​ជា​អ្នក​គាំទ្រ​រឿង Star Wars នោះ​អ្នក​ប្រាកដ​ជា​ស្គាល់​បុរស​ម្នាក់​នេះ​ជាក់​ជាមិនខាន​ ព្រោះ​ដោយសារ​រឿង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក Lucas ទទួល​បាន​ចំណូល​រាប់​លាន​ដុល្លារ។ តែ​មុន​ក្លាយ​ជា​តារា​សម្ដែង Hollywood បុរស​វ័យ ៧៧​ឆ្នាំ​គឺ​ជា​ជំនួយការ​បង្រៀន​ផ្នែក​ថត​កាមេរ៉ា​នៃ​យោធា​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​បុរស​ខាងលើ​គឺ កំពុង​សោយសុខ​លើ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៤ ពាន់​លាន​ដុល្លារ៕

ប្រភព: investopedia