តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយអ៊ីរ៉ង់ និងអូម៉ង់ ចរចាបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិ បានធ្លាក់ចុះជាង ២ដុល្លារបន្ថែមទៀតនៅក្នុងមួយបារ៉ែល គិតនៅត្រឹមថ្ងៃទី២៦ ខែសីហា ខណៈពេលដែលការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានស្តារក្តីសង្ឃឹមឡើងវិញថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២,៣០ដុល្លារ ឬ ២,៦% មកនៅត្រឹម ៨៦,២៨ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ដុល្លារ ឬ ២,៥៣% មកនៅត្រឹម ៨០,២៩ដុល្លារ ក្នុងមួយបារ៉ែល។

ជុំវិញស្ថានភាពនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់នេះ ខណៈពេលដែលខ្លួនកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ជម្រាបជូនថា អ៊ីរ៉ង់ និងអូម៉ង់បានចរចាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយអំពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវទឹក នៅច្រកសមុទ្រ Hormuz ដែលដោះស្រាយការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំទូទាំងពិភពលោក មុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ៕​